មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ភាពរឹងមាំនៃសេដ្ឋ កិច្ចកម្ពុជា ដោយសារកត្តា៣យ៉ាងដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិអាចរក្សាបានក្នុងរង្វង់ ៧ភាគរយ ជាបន្តទៀត
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការសម្រេចបាននូវកំណើនដ៏រឹងមាំនេះ ដោយសារកត្តាទី១ ស្ថានភាពសេដ្ឋកិច្ច
ពិភពលោក កាន់តែមានភាពប្រសើរឡើងវិញតាមវដ្តនៃសេដ្ឋកិច្ច (Global
Cyclical Recovery) ក្នុងខណៈដែលអាស៊ីនៅតែជាមជ្ឈមណ្ឌលដឹកមុខកំណើន
សេដ្ឋកិច្ចពិភពលោកដដែល។
ប្រការនេះបានធ្វើឱ្យកម្ពុជាជាប្រទេសមួយស្ថិតនៅក្នុងអាស៊ី
និងមានសេដ្ឋកិច្ចបើកចំហខ្លាំងទទួលបាននូវភាពអំណោយផលច្រើនក្នុង ការជួយរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
ទី២ ការដាក់ចេញនិងអនុវត្តន៍នូវ កិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាង សស្រាក់សស្រាំរបស់រាជរដ្ឋាភិបាល
ចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ បានជួយធ្វើឱ្យ មូលដ្ឋាននៃសេដ្ឋកិច្ចជាតិមានលក្ខណៈរឹងមាំស្រាប់
ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ចំណែកទី៣ កត្តាស្ថិរភាពនយោបាយនៅក្នុង ប្រទេសនៅពេលជិតបោះឆ្នោត
មិនត្រឹមតែ បានជួយបង្កើននូវជំនឿទុកចិត្តមក លើស្ថានភាពនយោបាយនៅក្នុងប្រទេសប៉ុណ្ណោះទេ
ប៉ុន្ដែ ថែមទាំងបានជួយជំរុញសកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភទេ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។
ក្នុងវេទិកាសាធារណៈក្រោមប្រធានបទសេដ្ឋកិច្ចកម្ពុជាស្តីពីសមិទ្ធកម្ម
និងទស្សនវិស័យ កាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០១៨ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា
ក្នុងប្រមាណ ខែចុងក្រោយនេះ ការនាំចេញ នាំចូលទំនិញគ្រប់ប្រភេទនៅតែមានការកើនឡើងខ្លាំង
និងមានទំហំធំជាងទំហំនៃផលិតផលក្នុងស្រុកសរុបជាលំដាប់, សកម្មភាពលក់ដូរ ទាំងលក់ដុំ និងលក់រាយនៅតែមានដំណើរការល្អប្រសើរ, វិស័យទេសចរណ៍ក៏នៅមានសន្ទះល្អ ហើយការផ្ដល់ឥណទានដោយធនាគារដល់វិស័យឯកជនក៏កាន់តែរឹងមាំដដែល។
ដោយឡែក វិស័យ ដីធ្លីនិងអចលនទ្រព្យដែលជាសូចនាករដឹកមុខក្នុង
ការឆ្លុះបញ្ចាំងអំពីភាពជឿជាក់នៃសេដ្ឋកិច្ច ក៏កាន់តែមានសកម្មភាពទិញលក់ផុលផុសគក្រឹកគក្រេង
ហើយតម្លៃវិញក៏កាន់តែ ឡើងជាលំដាប់។ ទន្ទឹមនឹងនេះ អតិផរណានៅតែស្ថិតក្នុងកម្រិតទាប ក្នុងខណៈដែលអត្រាប្តូរប្រាក់
នៅបន្តមានស្ថិរភាពយ៉ាងល្អ។
ឯកឧត្តមបានអះអាងថា ចំណែកលំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស
ដែលបានកត់ត្រា នៅក្នុងជញ្ជីងទូទាត់ ក៏មានសន្ទុះកំណើនល្អ ក្នុងរង្វង់ពី១៦ភាករយ ទៅ ១៧ភាគរយ
ក្នុងមួយ ឆ្នាំផងដែរ ពោលគឺក្នុងរង្វង់ ២.៥០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៧ និងអាចឡើង
ដល់ប្រមាណ ៣.០០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៨។ ដោយឡែក ទំហំទឹកប្រាក់នៃការផ្ញើលុយរបស់ពលករពីក្រៅប្រទេស
ក៏កាន់តែមានទំហំធំពោលគឺក្នុងរង្វង់៥៦០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ និងប្រមាណជាង៦០០
លានដុល្លារអាម៉េរិកនៅឆ្នាំក្រោយ។
ឯកឧត្ដមបានបន្ដទៀតថា ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមាន
ក្នុងខណៈដែលទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូលរហូតទៅដល់៦ខែកន្លះឯណោះ ធៀបនឹងរយៈកាលកន្លងទៅ
ដែលទុនបម្រុងអន្តរជាតិរបស់យើង អាចទ្រទ្រង់ការនាំចូលបានត្រឹមតែ ប្រមាណជាង៣ខែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ក៏មានភាពល្អប្រសើរផងដែរ។ ជាក់ស្តែង
ចំណូលថវិកាជាតិក៏នៅតែរឹងមាំ ពោលគឺនឹងអាច សម្រេច បាននូវការកៀរ គរចំណូលទៅតាមគោលដៅដែលបានដាក់ចេញ
បើផ្អែកទៅលើ ស្ថានភាពនៃចំណូលនៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។
សូមរម្លឹកថា ក្នុងពេលកន្លងមក សកម្មភាព និងកំណើនសេដ្ឋកិច្ចតែងតែមានសភាពទ្រឹងខ្លះនៅរៀងរាល់ជិតការបោះឆ្នោតចូលមកដល់
តែផ្ទុយទៅវិញសកម្មភាពសេដ្ឋកិច្ចគ្រប់ ប្រភេទនៅក្នុងឆ្នាំ២០១៨នេះ នៅតែមានដំណើរការជាធម្មតា
និងកាន់តែមានភាពរឹងមាំ ពោល គឺមិនមានផលប៉ះពាល់អ្វីជាដុំកំភួនទេ ទោះបីនៅសល់ប្រមាណតែ៤
ខែទៀតប៉ុណ្ណោះ នឹងត្រូវ ដល់ការបោះឆ្នោតក្តី៕
ប្រភព៖ AKP
Comments
Post a Comment