ក្រសួងសេដ្ឋកិច្ចរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្មនិងអភិបាលកិច្ចដើម្បី បង្កើតបរិយាកាសធុរកិច្ចកាន់តែប្រសើរ


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានរៀបចំកិច្ចប្រជុំក្រុមការងារ ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ចនៃ​វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនដើម្បីដោះស្រាយបញ្ហារបស់វិស័យ ឯកជន ក្នុងការរួមចំណែកបង្កើតនូវបរិយាកាសកាន់តែល្អប្រសើរឡើងចំពោះការធ្វើធុរកិច្ច និងការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិ បាលមានឆន្ទៈយ៉ាងមោះមុត ឥតរាថយក្នុងការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច ជាពិសេស ការបន្ត រៀបចំប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីទ្រទ្រង់ដល់ធុរកិច្ច និងពង្រឹងការប្រកួតប្រជែងដោយស្នើភាព និងយុត្តិធម៌ និងដើម្បីលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិ។

ក្នុងកិច្ចប្រជុំលើកទី៦ សំណើ សំណូមពរ និងកង្វល់របស់ផ្នែកឯកជន ត្រូវបានលើក ឡើងពិភាក្សាដើម្បីរក ដំណោះស្រាយ ដូចជាយន្តការនៃការដោះស្រាយវិវាទសារពើពន្ធ ដែលផ្នែកឯកជនបានលើកឡើងអង្គប្រជុំ បានគូសបញ្ជាក់ និងបំភ្លឺ ដោយកន្លងមក រាជ រដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ០៣ អនក្រ.ប ចុះថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដាក់ចេញប្រកាសលេខ១៤៧០ សហវ.ប្រក ចុះថ្ងៃទី ០៦ ខែវិច្ឆិកា  ឆ្នាំ២០១៥ ស្តីពីវិធាន និងនីតិវិធីនៃការដោះស្រាយបណ្តឹងតវ៉ាពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ ហើយ     បច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារ ក៏មានបង្កើតក្រុម ការងាររវាងវិស័យពន្ធដារ និងផ្នែក ឯកជន ដែលជាវេទិកា ផ្តល់ការពន្យល់កាន់ តែច្បាស់លាស់នូវនីតិវិធីពាក់ព័ន្ធការបង់ពន្ធ រួមទាំងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ជាប្រចាំ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារបាន រៀបចំគោលការណ៍ណែនាំ សាមញ្ញមួយទៀត សម្រាប់ពន្យល់អ្នកជាប់ពន្ធ ឱ្យកាន់តែងាយយល់អំពីសិទ្ធិ និងកាតព្វកិច្ចពន្ធ ដោយរៀបចំ ពង្រីកវិសាលភាព និងពង្រឹងយន្តការនេះបន្ថែមទៀត សំដៅ ធានាដល់ការផ្តល់កិច្ចសហការពេញ លេញ របស់អគ្គនាយកដ្ឋានពន្ធដារចំពោះ វិស័យឯកជនពាក់ព័ន្ធទាំងអស់។ ដោយឡែកពាក់ព័ន្ធនឹងសេចក្តីព្រាង ច្បាប់ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាពល្អប្រសើរគួរឱ្យកត់សម្គាល់ដែលតាមរយៈការពិគ្រោះ យោបល់ និងដាក់ឆ្លងកិច្ចប្រជុំជាច្រើនលើកច្រើនសាររួចមកហើយ ហើយទទួលបានការគាំទ្រ និងជំរុញដល់ ការអនុម័តច្បាប់នេះនាពេលខាងមុខ ដែលអាចដោះស្រាយកង្វល់ និងជាប្រយោជន៍ដល់ វិស័យឯកជនបាន មួយផ្នែកធំថែមទៀត។ ទន្ទឹមនេះ ក៏មានដែរការពិភាក្សាពីឧស្សាហកម្មថ្នាំ ជក់ចំពោះបញ្ហាអនុលោមភាព និងការប្រើប្រាស់តែមប្រិ៍អាករសម្រាប់បង់អាករពិសេសលើ ផលិតផលថ្នាំជក់ ដោយមិនគោរពតាមលិខិត បទដ្ឋានគតិយុត្តជាធរមាន គឺដោយសារក្រុម ហ៊ុនខ្លះមិនបំពេញតាមលក្ខខណ្ឌតម្រូវនៃការប្រើប្រាស់តែម ប្រិ៍អាករប្រភេទថ្មីប៉ុណ្ណោះ ជាពិសេសការមិនបិទតែមប្រិ៍លើកញ្ចប់បារី ឬបិទតែមប្រិ៍អាករប្រភេទចាស់ ហើយក្រសួង សេដ្ឋកិច្ច និងហរិញ្ញវត្ថុ បាននិងកំពុងរៀបចំយន្តការគ្រប់គ្រង, ត្រួតពិនិត្យនិងតាមដានយ៉ាង យកចិត្តទុក ដាក់អំពីការអនុវត្តកាតព្វកិច្ចរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មបារី ដើម្បីពង្រឹងបាននូវអនុលោម ភាព និងធ្វើឱ្យការប្រកួតប្រជែងប្រកបដោយសមធម៌ និងបន្តសម្របសម្រួលដល់វិស័យឯកជនលើកិច្ចការនេះ។

ជាមួយគ្នានេះ ចំពោះកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធនឹងករណីតម្រូវ ឱ្យមានប័ណ្ណ ការងារសម្រាប់នាយក ក្រុមហ៊ុនដែលមកបំពេញការងាររយៈពេលខ្លី, ជាក់ស្តែង, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន សម្របសម្រួលដោយមិនតម្រូវឱ្យស្នើសុំប័ណ្ណការងារទេ ប៉ុន្តែដើម្បីមានមូលដ្ឋាននៃការអនុវត្តច្បាស់លាស់ បន្ថែមទៀត ឯកឧត្តមប្រធានបានស្នើឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំជាវិធានការផ្លូវការ សម្រាប់សម្រួល សំណើរបស់ផ្នែកឯកជននេះ។ កង្វល់ពាក់ព័ន្ធអាករបំភ្លឺសាធារណៈលើការលក់ស្រាបៀរ ដោយអ្នកចែកចាយត្រូវបាន ដោះស្រាយ ដោយសម្រេចបន្ធូរបន្ថយមូលដ្ឋានគិតអាករបំភ្លឺសាធារណៈ ដែល មានការធ្លាក់ចុះពីមូលដ្ឋានមុនរហូតដល់ជិត ៩០ភាគរយ។ បញ្ហាកង្វះ បទបញ្ញត្តិទាក់ទងនឹងការនាំចូល និងការពង្រឹងច្បាប់នៃឧស្សាហកម្មរថយន្ត ដែលវិស័យ ឯកជនកំពុងមានកង្វល់នោះ គឺរាជរដ្ឋាភិបាល បាន និងកំពុងគិតគូរដោះស្រាយជាជំហានៗ និង បានដាក់ចេញលិខិតបទដ្ឋាន ក្នុងការគ្រប់គ្រងយ៉ាងច្បាស់លាស់។ ជាក់ស្តែង, មុខទំនិញនាំចូលទាំងអស់ (រាប់បញ្ចូលទាំងរថយន្តផង) ត្រូវគោរពតាម វិធានស្តង់ដាររបស់កម្ពុជា ជាធរមាន។ ចំពោះរថយន្ត, រាល់ការតម្រូវផ្នែកបច្ចេកទេសនានា នឹងត្រូវបានផ្ទៀងផ្ទាត់ឡើង វិញនៅពេល ចុះបញ្ជីធ្វើផ្លាកលេខ។ ដោយឡែក, ការដាក់ បន្ថែមនូវវិធានការមិនមែនពន្ធនានា នៅមាត់ច្រកព្រំដែន ក៏ត្រូវពិចារណាឱ្យបានល្អិតល្អន់ និង ជាកម្មវត្ថុនៃការពិភាក្សាកម្រិតអន្តរក្រសួង/ស្ថាប័នផងដែរ៕

ប្រភព៖ AKP