វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
យោងទៅតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ៦រោច
ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ
ណារិន តំណាងប្រចាំប្រទេសនៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន បានដឹកនាំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន
ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO
Green Industry Platform China Chapter Office និងតំណាងក្រុមហ៊ុនចិនចំនួនប្រមាណ ៤០ក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាព
និងសក្ដានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា។ វេទិកានេះ បានផ្ដល់នូវឱកាសសម្រាប់ការជួបពិភាក្សាគ្នារវាងក្រុមហ៊ុនដែលកំពុងមានសកម្មភាពនៅកម្ពុជា
ជាមួយនឹងក្រុមហ៊ុនចិនដែលមានចំណាប់អារម្មណ៍ និងកំពុងស្វែងរកលទ្ធភាពធ្វើធុរកិច្ច
និងវិនិយោគនៅកម្ពុជា ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធនិងភស្តុភារកម្ម និងថាមពល ជាដើម។
ប្រភព៖ CDC