សមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលជាច្រើន នឹងបញ្ចប់ដំណើរការសាងសង់ ហើយគ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ រួមមានគម្រោងចំនួន២ ត្រូវបានកំណត់ថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការ
នេះបើតាមការបញ្ជាក់ឱ្យដឹងពី មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន
កាលពីថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨
ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅផ្លូវដែក អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញថា
គម្រោងផ្លូវដែក ប៉ោយប៉ែត-ស៊ីសុផុន ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រ និងគម្រោងសេវាដឹកអ្នកដំណើរតាមផ្លូវទឹក
ព្រែកព្នៅ-ក្រុងតាខ្មៅ នឹងចាប់ផ្តើមដំណើរការនៅដើមខែមេសា ខាងមុខនេះ ។ ការដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនសំខាន់ៗទាំងពីរនេះ
ត្រូវបានអ្នកស្រាវជ្រាវសេដ្ឋកិច្ចមើលឃើញថា បានចូលរួមជួយដល់សេដ្ឋកិច្ចយ៉ាងច្រើន
ពិសេសគឺសម្រួលការកកស្ទះចរាចរណ៍ និងធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត
។
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន
មានប្រសាសន៍កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ថា គម្រោងជួសជុល ឬស្តារឡើងវិញនូវកំណាត់ផ្លូវដែកពីប៉ោយប៉ែតមកស៊ីសុផុន
ដែលមានចម្ងាយ ៤៨គីឡូម៉ែត្រ នឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី០៤
ខែមេសា ឆ្នាំ២០១៨ហើយគម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកពីព្រែកព្នៅទៅក្រុងតាខ្មៅ
នឹងចាប់ផ្តើមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨គឺនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ
ណីជាតិខាងមុខ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីលើកឡើងថា ផ្លូវដែកដែលខូចខាតដោយសារសង្គ្រាមនៅឆ្នាំ១៩៧៣
ពីប៉ោយប៉ែតមកស៊ីសុផុន ប្រវែង៤៨គីឡូម៉ែត្រនេះ យើងបានស្ថាបនាឡើងវិញរួចរាល់ជាស្ថាពរហើយ
។ ដូច្នេះនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨យើងនឹងបើកឱ្យដំណើរការឡើងវិញសម្រាប់ដឹកជញ្ជូនទំនិញនិងអ្នកដំណើរ
ហើយយើងអាចបន្តមកបាត់ដំបង និងមកដល់ភ្នំពេញ នៅពេលខាងមុខឆាប់ៗនេះ ។
ឯកឧត្ដមមានប្រសាសន៍ថា យើងបានពិភាក្សាជាមួយក្រុមហ៊ុន
ថូល ដឹកអ្នកដំណើរតាមរថភ្លើងទាំងនៅភ្នំពេញ និងប៉ោយប៉ែត គឺឱ្យប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃ
រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ។ចំណែកគម្រោងដឹកអ្នកដំណើរតាមផ្លូវទឹក
ពីព្រែកព្នៅ ទៅក្រុងតាខ្មៅ យើងនឹងបើកឱ្យដំណើរការនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ
ដោយប្រើកប៉ាល់ធុនតូចដឹកអ្នកដំណើរជំហានដំបូងចំនួន៣គ្រឿង ដែលក្នុងមួយគ្រឿងៗអាចផ្ទុកអ្នកដំណើរបានលើសពី៥០នាក់ ។
ឯកឧត្ដមបន្តថា កប៉ាល់ធុនតូច៣គ្រឿងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវាដឹកអ្នកដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ
ចម្ងាយប្រមាណ ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម ៣៤នាទី ដោយមានចំណតផែចំនួន៥
រួមមាន៖ ចំណតផែព្រែកព្នៅ, ទីលានប្រជាធិបតេយ្យថ្មី, ផ្សាររាត្រី, កោះពេជ្រ និងផែក្រុងតាខ្មៅ ។ឯកឧត្តមសង្ឃឹមថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ
នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍
ព្រមទាំងធ្វើឱ្យចំណេញពេលវេលា និងចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ
។
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណិ្ឌត្យសភាកម្ពុជា
មានប្រសាសន៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ថា ការដាក់ឱ្យដំណើរការគម្រោងពង្រីកផ្លូវនេះ
ជាយុទ្ធសាស្ត្រដ៏ល្អរបស់រាជរដ្ឋាភិបាល ពិសេសសម្រួលចរាចរណ៍ ។ ការពង្រីកចរាចរណ៍
នៅតាមផ្លូវដែកប៉ោយប៉ែត ជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់ ព្រោះកសិផល និងទំនិញឆ្លងកាត់ច្រកប៉ោយប៉ែតមានចំនួនច្រើន
។ ដោយឡែកការសម្រួលចរាចរណ៍ពីព្រែកព្នៅទៅក្រុងតាខ្មៅតាមផ្លូវទឹកនេះ វាជារឿងល្អមួយ
និងថ្មី ដែលយើងមិនដែលបានប្រើ និងចាប់អារម្មណ៍ប្រើ ។
លោកបន្ដថា ការធ្វើដំណើរតាមផ្លូវទឹកនេះ
នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាបានច្រើន។ ដូចនេះ បើសិនមានចរាចរណ៍ផ្លូវទឹកពីអតីតស្ពានលីយ៉ុងផាត់
ហើយយើងឆ្លងតាមស្ពានលីយ៉ុងផាត់ទៅផ្លូវជាតិលេខ៦ ឬផ្លូវផ្សេងទៀតនោះ គឺជួយសម្រួលចរាចរណ៍
។ ដូច្នេះគេអាចបែងចែកប្រព័ន្ធគ្រប់គ្រងនៅម្តុំព្រែកព្នៅ ដែលវាជារឿងល្អមួយបំផុតសម្រាប់ផ្លូវដែក
ផ្លូវគោក និងផ្លូវទឹកផង គឺអាចបែងចែកចរាចរណ៍ទៅផ្លូវជាតិលេខ៤, ៥ និងលេខ៦ ។
លោកបណ្ឌិតបន្តថា ខ្ញុំគិតថា គម្រោងដឹកជញ្ជូនតាមផ្លូវទឹកនេះ
នឹងទទួលបានជោគ ជ័យ ទី១-នៅក្រុងតាខ្មៅ មានពង្រីកផ្លូវធ្វើចរាចរណ៍ ។ ទី២-មានគម្រោងធ្វើព្រលានយន្តហោះថ្មីមួយទៀតនៅខេត្តកណ្តាល
និងទី៣-មានច្រកបែងចែកពីផ្លូវតាខ្មៅ ទៅផ្លូវជាតិលេខ១ លេខ២ រួមនឹងមានផ្លូវលេខ៦០ម៉ែត្រចូលមកទីក្រុងភ្នំពេញ
គឺជាការបង្កើតច្រកសេដ្ឋកិច្ចយ៉ាងច្រើន និងជួយសម្រួលចរាចរណ៍ និងកាត់បន្ថយហានិភ័យផ្សេងៗ
។ លោកបន្ដថា រាជរដ្ឋាភិបាលគ្រោងដាក់ឱ្យដំណើរការនៅពេលខាងមុខនេះ វាជាចរន្តមួយធ្វើឱ្យអ្នកវិនិយោគមិនមានការរារែកក្នុងការវិនិយោគទៀត
ព្រោះអ្នកវិនិយោគមួយចំនួនត្រូវការវិនិយោគនៅតំបន់ឆ្ងាយ តែការដឹកជញ្ជូនមានការលំបាក
។ នៅពេលរាជរដ្ឋាភិបាលធ្វើផ្លូវជួយសម្រួលចរាចរណ៍នេះបាននោះ នឹងធ្វើឱ្យការវិនិយោគទៅក្រៅក្រុងនឹងកើតមានឡើង
។ ដូចនេះ វាបានសម្រួលបរិយាកាសវិនិយោគ សម្រួលឱ្យមានការងារធ្វើនៅតំបន់ជនបទ
និងជួយកាត់បន្ថយគម្លាតរវាងជនបទ និងទីប្រជុំជន ៕
ប្រភព៖ AKP