កាណាដាសន្យាបន្តបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជាបន្ថែមទៀត


មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ភាគីកាណាដា នឹងបន្តបញ្ជាទិញទំនិញផ្នែកវាយនភ័ណ្ឌសម្លៀកបំពាក់ ពីកម្ពុជាថែមទៀត ខណៈដែលប្រទេសកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួនហើយ។

ថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារ រវាងលោកជំទាវ ដូណាកា ប៉ូតូ (DONICA POTTIE) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា រហូតមកដល់ពេលនេះកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួន ប៉ុន្តែចំពោះប្រទេសកម្ពុជារក្សានៅដដែល។

ឯកឧត្តមបានបន្តថា ដោយឡែកតម្លៃនៃការនាំចេញទៅកាន់កាណាដា ក៏ស្ថិតក្នុងភាពល្អប្រសើរ ដែលភាគីកាណាដាបានផ្តល់ភាពអនុគ្រោះសម្រាប់ការនាំចូល ដោយគិតមកទល់ពេលនេះ មានចំនួនជាង៩០លានដុល្លារអាម៉េរិក។

          ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កត្តាដែលកាណាដានៅតែបន្តបញ្ជា ទិញ ដោយសារកម្ពុជាមានគោលនយោបាយរបស់រដ្ឋាភិបាលល្អ ដូចជាការដោះស្រាយ លក្ខខណ្ឌការងារប្រាក់ឈ្នួលកើនឡើង និងធ្វើឱ្យមានបញ្ហាប្រកួតប្រជែងមួយចំនួន និងមាន អនុគ្រោះដោយសារថា អ្នកប្រើប្រាស់ទំនិញនៅក្នុងប្រទេសជឿនលឿន មួយចំនួនក៏ពេញ ចិត្តនឹងអ្វីដែលជាលក្ខខណ្ឌដែលបានផ្តល់ជូនទៅដល់កម្មករ និយោជិត ពិសេសចុងក្រោយនេះ គោលនយោបាយគាំពារសង្គមរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់គ្រប់បែបយ៉ាង ពិសេសដល់ស្រ្តី ដែលជំរុញ ឱ្យមានការទាក់ទាញកាន់តែខ្លាំងទាំងអ្នកប្រើប្រាស់និងអ្នកបញ្ជាទិញ ដែលកត្តាទាំងនេះ ធ្វើឱ្យអ្នកបញ្ជាទិញកាន់តែចាប់អារម្មណ៍។



ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា ការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតកាណា បានផ្តោតទៅលើវិស័យការងារជាសំខាន់ ព្រោះកាណាដា ក៏ជាប្រទេសដែលទិញទំនិញផ្នែក វាយនភ័ណ្ឌពីកម្ពុជាដែរ។

ដូច្នេះភាគី ក៏បានឈ្វេងយល់អំពីលក្ខខណ្ឌការងារ និងការអនុវត្តនូវគោលនយោបាយចំពោះសិទ្ធិសេរីភាពនៅក្នុង វិស័យកាត់ដេរសម្លៀកបំពាក់។

ឯកឧត្តមគូសបញ្ជាក់ទៀតថា តាមរយៈនេះប្រទេសទាំងពីរបានយល់គ្នាកាន់តែ ច្បាស់ ពីអ្វីដែលស្ថានភាពដ៏ល្អប្រសើរជាមួយលក្ខខណ្ឌការងារ ហើយភាគីកាណាដាក៏បានវាយតម្លៃខ្ពស់ថា កម្ពុជាអាចចាត់ទុកថាជាគំរូមួយនៅក្នុងការអនុវត្តលក្ខខណ្ឌការងារ ដ៏ល្អប្រសើរនេះ៕

ប្រភព៖ AKP