សហភាពអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិស័យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អឺរ៉ុប


សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលមានកំណើនរហូតដល់ ៦.៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៦ ខណៈដែលការនាំចេញពីកម្ពុជាមានកំណើនប្រមាណ ១២% ហើយការនាំចូលពីសហភាពអឺរ៉ុប មានកំណើនប្រមាណ ២៣%។

ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងក្រុមការងារស្តីពីពាណិជ្ជកម្ម និងវិនិយោគ លើកទី១០ ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប ដឹកនាំដោយ ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង Mr. Peter BERZ អគ្គនាយកពាណិជ្ជកម្ម នៃសហភាពអឺរ៉ុប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើវិស័យមួយចំនួន សំដៅធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ដូចជា៖ ការជំរុញនាំចេញ-នាំចូលក្រោមក្របខ័ណ្ឌ EBA ការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ការជំរុញកំណើនវិនិយោគពីសហភាពអឺរ៉ុបមកកម្ពុជា ការអភិវឌ្ឍ និងសេរីភាវូបនីយកម្មពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ការធ្វើពិពិធកម្មលើផលិតកម្ម និងមុខទំនិញនាំចេញរបស់កម្ពុជា ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ការកែលំអរលិខិតបទដ្ឋានច្បាប់មួយចំនួនទាក់ទងគណៈមេធាវី និងតុលាការពាណិជ្ជកម្ម ការទប់ស្កាត់ការនាំចូលថ្នាំពេទ្យដែលមានគុណភាពទាប និងការអនុវត្តស្តង់ដារយានយន្ត ជាដើម។

លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការរៀបចំខ្លួន និងកម្មវិធីសម្រាប់កសាងប្រទេសចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ។ សហភាពអឺរ៉ុប នឹងពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុក្រោមកម្មវិធីគាំទ្រសម្រាប់សមាហរណកម្មក្នុងអាស៊ានលើការអនុវត្តកម្មវិធីនោះ និងបានត្រៀមខ្លួនសម្រាប់គាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដែលបម្រើឲ្យផលប្រយោជន៍កម្ពុជា និងសហភាពអឺរ៉ុប។ ភាគីទាំងពីរបានឯកភាពថា នឹងបន្តកិច្ចពិភាក្សាកម្រិតថ្នាក់ជាតិ និងក្រោមក្របខ័ណ្ឌអាស៊ាន សំដៅដោះស្រាយរាល់បញ្ហាសេសសល់នានា ដែលជាគុណប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី៕

ប្រភព៖ MOC