តួកគីមានបំណងចង់ឱ្យទំហំពាណិជ្ជកម្មជាមួយកម្ពុជាមានសន្ទុះកើនដល់៥០០លានដុល្លារនៅឆ្នាំ២០២០
ឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីបានសន្យាថា ក្នុង អំឡុងពេលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា
នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច
ទាំងវិស័យនយោបាយ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
លោកទាវ Ayda Unlu
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ តួកគី បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាសអនុញ្ញាតចូលជូនសារតាំង
និងសម្តែងការ គួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃពុធ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨
នៅវិមានព្រឹទ្ធសភា ដោយលោកជំទាវបានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន
ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរទៅវិញទៅមកនិងមានការ
ចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត ព្រមទាំងកិច្ចសហការប្រតិបត្តិការលើគ្រប់វិស័យជាពិសេស
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវិស័យវប្បធម៌ ដើម្បីធ្វើយ៉ាងណា ឱ្យទំហំពាណិជ្ជកម្ម
នៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងឡើងថែមទៀត ក្នុងគោលដៅ បង្កើនឱ្យដល់ ៥០០លានដុល្លារ
នៅឆ្នាំ២០២០។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ទោះបីជាទីតាំង ភូមិសាស្ត្រប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ពិតមែន
ប៉ុន្តែបេះដូងនៃប្រទេសទាំងពីរនៅជិតគ្នា ជាពិសេសប្រទេសទាំងពីរមានទំនាក់ទំនង មិត្តភាព
និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជា យូរមកហើយ។
លោកជំទាវក៏ចង់ឱ្យព្រះរាជាណាចក្រកម្ពុជា មានឯកអគ្គរាជទូតប្រចាំ សាធារណរដ្ឋតួកគី។ដូចការបង្កើតនិវេសនដ្ឋានតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជាចាប់តាំង
ពីឆ្នាំ២០១៣មក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានការកើន ឡើង។
នៅក្នុងឱកាសនោះដែរ លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី បានថ្លែងអំណរគុណចំពោះសម្តេចប្រមុខរដ្ឋស្តីទី
ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវបានចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។
លោកជំទាវក៏បានស្នើសុំការគាំទ្រពីព្រះរាជាណាចក្រកម្ពុជា ចំពោះសាធារណរដ្ឋតួកគី ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយនឹងអាស៊ានផងដែរ។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិ បាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ
ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវការស្វាគមន៍ ដ៏កក់ក្តៅជាទីបំផុតចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ
និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រមុខរដ្ឋ ស្តីទីបានមានជំនឿជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំបន្តរក្សាប្រពៃណីដ៏ល្អ
នៃចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែទូលំទូលាយ
ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញថា ទំនាក់ ទំនង
និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាបន្ត បន្ទាប់។
ទំនាក់ទំនងនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងពីរ
និងបានគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លើឆាកអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សម្តេចប្រមុខរដ្ឋស្តីទី
បានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រ
កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងលោកជំទាវ
ឯកអគ្គរដ្ឋទូតដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈាន ឡើងកម្រិតថ្មីមួយទៀត
ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទៅវិញទៅមក។
តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានពាំនាំនូវព្រះរាជ បណ្តាំសួរសុខទុក្ខ
សេចក្តីគោរព និងសេចក្តីនឹករលឹកអំពីព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ
និងថ្នាក់ដឹកនាំកំពូលជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះឯកឧត្តមប្រធានាធិបតី ថ្នាក់ដឹកនាំកំពូលគ្រប់លំ
ដាប់ថ្នាក់ នៃសាធារណរដ្ឋតួកគី។
សម្តេចប្រមុខរដ្ឋស្តីទី បានថ្លែងអំណរគុណនូវពាក្យពេចន៍ដ៏មានតម្លៃរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត
និងបានប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូតសូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ៕
ប្រភព៖ AKP