ចំណូលពន្ធក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះសម្រេចបានគ្រប់និងលើសផែនការកំណត់


លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេច បានគ្រប់និងលើសផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ គឺ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុង បរិបទមួយ ដែលគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែពង្រឹងច្បាប់និងបទបញ្ញត្តិស្តីពី ពន្ធដារមានស្រាប់តែប៉ុណ្ណោះ។

ក្នុងសិក្ខាសាលាស្តីពី កាតព្វកិច្ច និងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ និងវឌ្ឍនភាពស្តីពី ការកែទម្រង់ប្រព័ន្ធពន្ធដារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹង ពង្រឹងការគ្រប់ គ្រងប្រមូល ចំណូលពន្ធឱ្យអស់សក្តានុពលដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវភាព ងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធផ្សារភ្ជាប់ នឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុង រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

ក្នុងរដូវកាលនៃការប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ២០១៧ ដែលនឹងផុតនៅដំណាច់ខែមីនាខាងមុខនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានក្រើនរម្លឹកដល់ សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ ខ្លួន ដោយគោរពប្រតិបត្តិយ៉ាង ខ្ជាប់ខ្ជួននូវបទបញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បងដែលអ្នកជាប់ពន្ធគ្រប់ រូបត្រូវប្រកាន់យក ហើយបោះបង់ចោលនូវ ទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយ   លើក យកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់ បានត្រឹម  ត្រូវ ឱ្យមកជាគោរពប្រតិបត្តិច្បាប់ឱ្យបានត្រឹមត្រូវដោយមក ដាក់លិខិតប្រកាសបង់ ពន្ធឱ្យបានទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។

ឯកឧត្តម បានលើកឡើងថា កន្លងមក ក្នុងករណីមានបញ្ហាប្រឈម នឹងចំណុចកកស្ទះ ណាមួយពាក់ព័ន្ធនឹង    ពន្ធ អគ្គនាយកដ្ឋានពន្ធដារមានយន្តការ នៃភាពជាដៃគូជាមួយផ្នែក ឯកជន ដើម្បីយកមកពិភាក្សាគ្នា រកដំណោះស្រាយ។

សូមរម្លឹកថា បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកែទម្រង់រចនាសម្ព័ន្ធគ្រប់ គ្រងក្នុងនោះ ត្រូវបាន បង្កើតនូវនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅដើម្បីគ្រប់គ្រង និងតាម ដាននូវលំហូរឯកសារចេញ-ចូល (Tracking Documents) និងមានសេវា Call Center មានទូរស័ព្ទលេខ ១២៧៧ ក្នុងន័យ ពង្រឹងសេវានិង ការឆ្លើយតប នានាជូនអ្នកជាប់ពន្ធឱ្យ បាន ប្រសើរ ហើយក៏ត្រូវបានបង្កើតផងដែរនូវនាយកដ្ឋានស៊ើបអង្កេត បទល្មើសពន្ធដារ ដើម្បីតាម ដាននិងស៊ើបអង្កេតបទល្មើសពន្ធដារ ខណៈដែលមន្ត្រីពន្ធដារត្រូវបានផ្តល់សិទ្ធិ ជាមន្ត្រី និងភ្នាក់ងារនគរបាលយុត្តិធម៌ តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៥។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារក៏បានដាក់ឱ្យដំណើរការនូវកម្មវិធីពិនិត្យ លិខិតសវនកម្ម (Audit Checking Application) តាមរយៈទូរស័ព្ទដៃ ដែលអាចទាញយកពី Appstore Playstore ដោយឥតគិតថ្លៃ និងបំពេញនូវព័ត៌មានដែលតម្រូវ។ បន្ថែមពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងផ្តល់លទ្ធភាពឱ្យអ្នកជាប់ពន្ធអាចដាក់ លិខិតប្រកាសតាមប្រព័ន្ធអេឡិកត្រូនិច (E-Filing) បន្ថែមពីលើការ បង់ប្រាក់ពន្ធតាមប្រព័ន្ធ អេឡិចត្រូនិក E-Payment ដែលកំពុងបានដាក់ឱ្យប្រើប្រាស់៕

ប្រភព៖ AKP