រាជរដ្ឋាភិបាលជំរុញឱ្យមានការអភិវឌ្ឍវិស័យឧស្សាហកម្មដែលមានសក្តានុពលក្នុងស្រុក ដើម្បីចូលរួមធ្វើឱ្យប្រទេសកម្ពុជាមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។


រាជរដ្ឋាភិបាល បានជំរុញឱ្យមានការអភិវឌ្ឍវិស័យ ឧស្សាហកម្មដែលមានសក្តានុ ពលក្នុងស្រុក ដើម្បីចូលរួមធ្វើឱ្យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និង ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី បានជំរុញឱ្យជួយគាំពារសហគ្រាសធុនតូច និងមធ្យមតាមរយៈលើកកម្ពស់ បរិយាកាសវិនិយោគ កាត់បន្ថយថ្លៃដើម បច្ចេកវិទ្យាក្នុងការផលិត និងការពង្រីកទីផ្សារនាំចេញ នឹងជួយឱ្យកម្ពុជាសម្រេច បាននូវផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មសម្រាប់នាំចេញ និងការទាក់ទាញវិនិយោគពីបរទេស កាន់តែច្រើនឡើងបន្ថែមទៀត។

ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៨ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្ប កម្មនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន បាន មានប្រសាសន៍ថា ការអភិវឌ្ឍនូវការ តភ្ជាប់ឧស្សាហកម្ម រវាងសហគ្រាសក្នុងស្រុក និងបរទេស នឹងអាចកំណត់យកមុខសញ្ញាសហគ្រាស ដែលមានសក្តានុពលក្នុងការនាំចេញ និងការអភិវឌ្ឍផលិតផលថ្មីៗសម្រាប់ប្រកួតប្រជែង ជាមួយទីផ្សារនាំចេញ និងផលិត ផលនាំចូល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បាន បញ្ជាក់ថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ ព្រមទាំងលើកទឹកចិត្តគាំទ្រដល់ ឧស្សាហកម្មថ្មីៗ ដែលផ្តោតលើផលិតផលប្រើប្រាស់ ការផ្គុំដំឡើងរោងចក្រផលិតសម្ភារ បរិក្ខារ មេកានិក អេឡិចត្រូនិក និងអគ្គិសនី ការផ្គុំដំឡើងមធ្យោបាយដឹកជញ្ជូន និងការច្នៃ ធនធាន ធម្មជាតិជាដើម ដើម្បីអភិវឌ្ឍន៍ ទំនើបកម្មសហគ្រាសធុនតូច និងមធ្យម និងការនាំចេញ។

ឯកឧត្តមបានបន្ដថា ក្រសួងក៏កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយដើម្បី គាំទ្រដល់វិស័យ ឧស្សាហកម្ម ដែលរំពឹងថា សហគ្រាសធុនតូចចំនួន៧០ភាគរយ និងសហគ្រាសធុនមធ្យម៨០ភាគរយ អាចនឹងចុះបញ្ជីជាផ្លូវការនៅឆ្នាំ២០២០។ យោង តាមរបាយការណ៍របស់វិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ វិស័យឧស្សាហកម្មនៅកម្ពុជា បានរួមចំណែកក្នុងកំណើន ផលទុនសរុបក្នុង ស្រុកប្រមាណ៩.៦ភាគរយ។

គិតត្រឹមដំណាច់ឆ្នាំ២០១៧ រោងចក្រធុនធំដែលបានចុះបញ្ជី មានជាង១.៥០០រោងចក្រ និងបានស្រូប កម្លាំងពលកម្មជាង៩៨ម៉ឺននាក់។ ដោយឡែក សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានសរុបជាង១៥ម៉ឺនមូលដ្ឋាន និងបានផ្តល់ ការងារដល់ប្រជាពលរដ្ឋជាង១លាននាក់ ជាមួយផលប្រចាំឆ្នាំរហូតដល់ជាង ៩ម៉ឺនលាន ដុល្លារអាម៉េរិក៕

ប្រភព៖ AKP