អភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ខេត្តជាំងស៊ូស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព


កាលពីថ្ងៃសោរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូខេត្តជាំងស៊ូ ដែលដឹកនាំដោយលោក Huang Xi Qiang អនុប្រធានមន្ទីរការបរទេសនៃខេត្តជាំងស៊ូ ស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាព។

លោក Huang Xi Qiang មានប្រសាសន៍ថា រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យខេត្តជាំង ស៊ូចុះកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ តបតាមការស្នើសុំនាពេល កន្លងមក ហើយតាមរយៈកិច្ចព្រម   ព្រៀង នេះនឹងធ្វើឱ្យ ខេត្តទាំងពីរមានទំនាក់ ទំនងកាន់តែជិត ស្និទ្ធ ដើម្បីជំរុញអ្នកវិនិយោគចិនមកកាន់ ខេត្តព្រះសីហនុកាន់តែច្រើនបន្ថែមទៀត។

លោក Huang Xi Qiang បានបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាស្ពានមួយដ៏សំខាន់ក្នុង ការទំនាក់ទំនងរវាងអ្នកវិនិយោគ និងទេសចរ មកធ្វើការបណ្តាក់ ទុនវិនិយោគ និងដំណើរកម្សាន្តនៅ ខេត្តព្រះសីហនុ ក្នុងនោះរដ្ឋបាលខេត្តជាំងស៊ូ ក៏មាន គម្រោងជួយខេត្តព្រះសីហនុនូវលើវិស័យមួយចំនួន មានដូចជា ការបណ្តុះបណ្តាលធនធាន មនុស្សការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ និងវិស័យ កសិកម្មជាដើម។

លោក Huang Xi Qiang បានសម្តែងនូវការគាំទ្រចំពោះរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យកម្ពុជា និងចិនមានទំនាក់ទំនងល្អ រឹងមាំដែលជាកត្តាមួយជំរុញឱ្យខេត្តព្រះសីហនុ មានឱកាសក្នុងការជំរុញ  អ្នកវិនិយោគ និងទេសចរ ពិសេសខេត្តមានការអភិវឌ្ឍ លឿននៅពេលខាងមុខ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូ ខេត្តជាំងស៊ូ ដែលបានអញ្ជើញមក បំពេញទស្សនកិច្ច និងពិភាក្សាគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តព្រះសីហនុ ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចវប្បធម៌រវាងប្រទេសទាំងពីរ។

ឯកឧត្តម យន្ត មីន បានបន្តថា រដ្ឋបាលខេត្តធានាការពារសន្តិសុខ សុវត្ថិភាពរបស់ អ្នកវិនិយោគ និងទេសចរ  ចិន ដែលមកធ្វើការវិនិយោគ និងទេសចរក្នុងខេត្តព្រះសីហនុ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងពីរឱ្យកាន់តែប្រសើរ ដើម្បីជំរុញ ការវិនិយោគនៅខេត្តព្រះសីហនុ មានសន្ទុះរីកចម្រើនលឿនថែម ទៀតនៅថ្ងៃអនាគត សូមឱ្យអ្នកវិនិយោគ និងទេសចរត្រូវចូលរួមសហការគោរពច្បាប់កម្ពុជាទាំងអស់គ្នា៕

ប្រភព៖ AKP