Cambodia Investment Law


ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា



ជំពូកទី១ បទបញ្ញត្តិទូទៅ



មាត្រា១

ច្បាប់នេះមានវិសាលភាពគ្រប់ដណ្តប់លើការវិនិយោគនានា ដែលអនុវត្តនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកវិនិយោគជាជនជាតិខ្មែរ និង/ឬ ជនបរទេស។

មាត្រា២

អ្នកវិនិយោគទាំងអស់ត្រូវស្ថិតនៅក្រោមច្បាប់នេះ ហើយអាចជារូបវន្តបុគ្គល ឬជានីតិបុគ្គល។

ជំពូកទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា


មាត្រា៣

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាអង្គការមានសមត្ថភាព និងជាច្រកចេញចូលតែមួយគត់ ក្នុងការទទួលបន្ទុកការងារនីតិសម្បទា អភិវឌ្ឍន៏និងការវិនិយោគ។ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការពិនិត្យនិងសម្រេចការងារនីតិសម្បទា និងអភិវឌ្ឍន៏ និងវិនិយោគនានា។

មាត្រា៤

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា មានគណៈកម្មាធិការពីរសម្រាប់ជាជំនួយការគឺៈ
- គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៏
- គណៈកម្មាធិការវិនិយោគកម្ពុជា

មាត្រា៥

ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៣ នីតិវិធីនៃការវិនិយោគ


មាត្រា៦

អ្នកវិនិយោគត្រូវដាក់ពាក្យសុំនៅក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ដើម្បីពិនិត្យនិងសំរេច។

មាត្រា៧

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ត្រូវឆ្លើយតបអំពីការសំរេចរបស់ខ្លួនទៅអ្នកវិនិយោគ ក្នុងរយៈពេល ៤៥ ថ្ងៃយ៉ាងយូរ គិតពីថ្ងៃទទួលពាក្យសុំដែលបានបំពេញបែបបទត្រឹមត្រូវនិងគ្រប់គ្រាន់។ បើគ្មានមូលហេតុត្រឹមត្រូវមន្រ្តីរាជការណាដែលប្រកែកមិនព្រមទទួលពិនិត្យនិងឆ្លើយតបអំពីការសម្រេចរបស់ខ្លួនទៅអ្នកវិនិយោគវិញ ហួសកាលកំណត់ខាងលើ ត្រូវផ្តន្ទាទោសតាមបញ្ញត្តិច្បាប់។

ជំពូកទី៤ ការធានាលើការវិនិយោគ


មាត្រា៨

អ្នកវិនិយោគត្រូវបានទទួលស្គាល់និងចាត់ទុកដោយស្មើភាពគ្នាចំពោះមុខច្បាប់ គ្មានការរើសអើងអំពីសញ្ជាតិ ឬ ពូជសាសន៏ លើកលែងតែ ចំពោះកម្មសិទ្ធិលើដីធ្លី ដូចដែលមានចែងក្នុងបទបញ្ញត្តិ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

មាត្រា៩

រាជរដ្ឋាភិបាលនិងមិនធ្វើជាតូបនីយកម្ម ដែលនាំអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

មាត្រា១០

រាជរដ្ឋាភិបាលមិនត្រួតពិនិត្យលើថ្លៃផលិតផល ឬ ថ្លៃសេវានានារបស់អ្នកវិនិយោគ ដែលបានទទួលការអនុញ្ញាតរួចហើយនោះឡើយ។

មាត្រា១១

ដោយអនុលោមទៅតាមច្បាប់ទាំងឡាយដែលពាក់ព័ន្ធ ព្រមទាំងបទបញ្ញត្តិទាំងឡាយណាដែលបានកំណត់និងប្រកាសផ្សាយដោយធនាគារជាតិកម្ពុជា រាជរដ្ឋាភិបាលអនុញ្ញាតដល់អ្នកវិនិយោគ មានសិទ្ធិទិញរូបិយប័ណ្ណបរទេសតាមរយៈប្រព័ន្ធធនាគារ សម្រាប់បង្វិលទៅបរទេសវិញ ដើម្បីទូទាត់កតព្វកិច្ចខាងហិរញ្ញវត្ថុដែលពាក់ព័ន្ធនិងការវិនិយោគរបស់ខ្លួន។
ការទូទាត់ខាងលើនេះរួមមានៈ
១. ការទូទាត់លើការនាំចូល និងការបង្វិលទៅក្រៅប្រទេសទាំងដើម ទាំងការ នូវប្រាក់ចងការ។
២. ការទូទាត់ចំណាយសួយសារ និងថ្លៃសេវាគ្រប់គ្រង។
៣. ការផ្ទេរប្រាក់ចំណេញ
៤. ការបង្វិលដើមទុនវិនិយោគទៅក្រៅប្រទេសវិញ ដូចមានចែងក្នុងជំពូកទី៨។

ជំពូកទី៥ ការលើកទឹកចិត្តវិនិយោគ


មាត្រា១២

រាជរដ្ឋាភិបាលលើកទឹកចិត្ត ដើម្បីជំរុញការវិនិយោគលើវិស័យសំខាន់ៗដូចតទៅៈ
១-ឧស្សាហកម្មនាំមុខ ឬ ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់
២-ការបង្កើតការងារ
៣-ការបង្កើតការនាំចេញ
៤-ឧស្សាហកម្មទេសចរណ៏
៥-ការផលិតទំនិញកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ
៦-ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការផលិតថាមពល
៧-អភិវឌ្ឍន៏ខេត្ត និងជនបទ
៨-ការការពារបរិស្ថាន
៩-ការវិនិយោគក្នុងតំបន់អភិវឌ្ឍពិសេស ដែលនឹងត្រូវបង្កើតឡើងដោយច្បាប់។
មាត្រា១៣
ការលើកទឹកចិត្តមាន ការលើកលែងទាំងស្រុង ឬ មួយផ្នែក នៃពន្ធគយ និងពន្ធអាករ។

មាត្រា១៤

ការលើកលែងទឹកចិត្តទាំងឡាយ រួមមានដូចខាងក្រោមៈ

១.អត្រាពន្ធលើប្រាក់ចំណេញសុទ្ធ ៩% លើកលែងតែអត្រាពន្ធផ្សេងៗលើការរុករក និងអាជីវកម្មធនធានធម្មជាតិ ព្រៃឈើ ប្រេងកាត រ៉ែ មាស ត្បូងថ្មមានតម្លៃ ។ល។ ដែលត្រូវចែងក្នុងច្បាប់ដោយឡែក។

២.ពន្ធលើប្រាក់ចំណេញអាចលើកលែងបានរហូតដល់ ៨ ឆ្នាំ គឺអាស្រ័យលើលក្ខណៈសម្បត្តិរបស់ការវិនិយោគនីមួយៗនិងអាទិភាព ដែលរាជរដ្ឋាភិបាលបានកំណត់ដោយអនុក្រឹត្យ។ ការលើកលែងពន្ធលើប្រាក់ចំណេញ នឹងត្រូវចាត់អនុវត្តពីឆ្នាំដែលបានទទួលប្រាក់ចំណេញលើកទីមួយ។ការខាតបង់រយៈពេល ៥ ឆ្នាំបន្តបន្ទាប់ត្រូវបានអនុញ្ញាតឲ្យយកមកទូទាត់គិតប្រាក់់ចំណេញ។ក្នុងករណីយកប្រាក់ចំណេញមកធ្វើវិនិយោគបន្ត ប្រាក់ចំណេញត្រូវបានអនុញ្ញាតឲ្យរួចពន្ធទាំងស្រុង។

៣.មិនយកអាករលើការបែងចែកប្រាក់ចំណេញនៃការវិនិយោគ ទោះជាប្រាក់ទាំងនោះផ្ទេរទៅបរទេសក្តី ឬបែងចែកក្នុងប្រទេសក្តី។

៤.ការលើកទឹកចិត្តពន្ធគយ និងពន្ធអាករ ១០០% ក្នុងការនាំចូលសម្ភារៈសំណង់ មធ្យោបាយផលិតកម្ម គ្រឿងសម្ភារៈបរិក្ខារ ទំនិញពាក់កណ្តាលសម្រេច វត្ថុធាតុដើម និងគ្រឿងបន្លាស់សម្រាប់ប្រើប្រាស់ ត្រូវមានលក្ខខ័ណ្ឌណាមួយដូចតទៅៈ

ក. ការវិនិយោគដែលមានទិសដៅសម្រាប់បម្រើឲ្យការនាំចេញ ក្នុងកំរិតអប្បបរិមា ៨០% នៃផលិតផលសរុប។

ខ. មានទីតាំងនៅក្នុងតំបន់អភិវឌ្ឍពិសេស ដែលមានក្នុងបញ្ជីអាទិភាពសំរាប់អភិវឌ្ឍ ប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

គ. ឧស្សាហកម្មទេសចរណ៏

ឃ. ឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មច្រើន ឧស្សាហកម្មកែច្នៃ កសិ-ឧស្សាហកម្ម

ង. ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការផលិតថាមពល។

ការលើកលែងពន្ធគយ និងពន្ធអាករ ១០០% ខាងលើនេះ ត្រួវអនុវត្តជារៀងរហូតស្របតាមរយៈពេលវែងកំណត់ក្នុងកិច្ចសន្យា ឬសៀវភៅបន្ទុកសម្រាប់ការវិនិយោគ ដែលផលិតទំនិញនាំចេញក្នុងកំរិតអប្បបរិមា ៨០% នៃផលិតកម្មសរុប ដូចមានចែងក្នុងចំណុច ៤(ក) ខាងលើ និងសម្រាប់ការវិនិយោគដែលមានទីតាំងក្នុងតំបន់អភិវឌ្ឍពិសេស ដូចមានចែងក្នុងចំណុច ៤(ខ)។
ក្រៅពីប្រភេទការវិនិយោគដែលមានចែងក្នុងចំណុច ៤(ក) និងចំណុច ៤(ខ) ខាងលើនេះ ការលើកលែងពន្ធគយ និងពន្ធអាករ ១០០% ត្រូវបានអនុញ្ញាតឲ្យសម្រាប់តែក្នុងរយៈពេលនៃការរៀបចំកសាងសហគ្រាស រោងចក្រ អាគារ និងការចាប់ដំណើរការអាជីវកម្ម ផលិតកម្មនៅឆ្នាំដំបូងប៉ុណ្ណោះ។

៥.ការលើកលែងពន្ធគយ ១០០% ក្នុងការនាំចេញផលិតផលទៅក្រៅប្រទេស។

៦.ការអនុញ្ញាត ឲ្យយកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា នូវជនបរទេសណាដែលជាៈ

- បុគ្គលិក និងជំនាញការខាងគ្រប់គ្រង
- បុគ្គលិកបច្ចេកទេស
- កម្មករជំនាញ
- សហព័ទ្ធនិងអ្នកក្នុងបន្ទុករបស់ខ្លួន ដែលអនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហើយស្របទៅតាមច្បាប់អន្តោរប្រវេសន៏ និងច្បាប់ការងារ។
មាត្រា១៥
ការអនុញ្ញាតនិងការលើកទឹកចិត្តដែលបានផ្តល់ដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាមិនអាចផ្ទេរ ឬលក់បានឡើយ។


ជំពូកទី៦ កម្មសិទ្ធិ និង ការប្រើប្រាស់ដីធ្លី


មាត្រា១៦

អនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង បទបញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធទៅនឹងកម្មសិទ្ធិ និងការប្រើប្រាស់ដីធ្លីៈ

១-កម្មសិទ្ធិដីធ្លីសំរាប់បំរើឲ្យគោលដៅនៃសកម្មភាពវិនិយោគ ត្រូវបានប្រគល់ជូនចំពោះអ្នកវិនិយោគដែលជារូបវន្តបុគ្គល ឬជានីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរ។នីតិបុគ្គលមានសញ្ជាតិជាខ្មែរ គឺជានីតិបុគ្គលដែលភាគហ៊ុនចាប់តាំងពី ៥១% ឡើងទៅនៃដើមទុនសរុបជាកម្មសិទ្ធិនៃរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរ។

២-អ្នកវិនិយោគអាចប្រើប្រាស់ដីធ្លីតាមរយៈការជួលសំរាប់រយៈពេលវែងរហូតដល់ ៧០ឆ្នាំ ហើយអាចស្នើសុំជួលបន្ត។ការប្រើប្រាស់ដីធ្លីនេះ រាប់បញ្ជូលទាំងសិទ្ធិនៃកម្មសិទ្ធិទាំងឡាយនៅលើផ្ទៃដីនោះ ត្រូវអនុវត្តស្របតាមច្បាប់។


ជំពូកទី៧ ការប្រើប្រាស់កំលាំងពលកម្ម


មាត្រា១៧

អ្នកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា មានសិទ្ធិធ្វើការ ជ្រើសរើស និងជួលនិយោកជិតខ្មែរ និងបរទេសបានដោយសេរី ផ្អែកលើមូលដ្ឋាននៃច្បាប់ការងារ និងច្បាប់អន្តោប្រវេសន៏។

មាត្រា១៨

អ្នកវិនិយោគត្រូវបានអនុញ្ញាតឲ្យជួលនិយោជិតបរទេស ដូចមានចែងក្នុងមាត្រា ១៤(ខ) ក្នុងលក្ខខ័ណ្ឌដូចតទៅៈ

១-គុណភាព សមត្ថភាព និងជំនាញមិនអាចរកបាននៅព្រះរាជាណាចក្រកម្ពុជាក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។បើមានការជួលនិយោកជិតប្រភេទនេះ ត្រូវភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតឆ្លងដែន សញ្ញាបត្រ និងប្រវត្តិរូបសង្ខេបរបស់និយោកជិត។

២-អ្នកវិនិយោគមានកតព្វកិច្ចធ្វើការបណ្តុះបណ្តាលជាប្រចាំ និងសមស្របជូននិយោកជិតខ្មែរ។
៣-ការជំរុញលើកកំពស់ដល់និយោខ្មែរ ដើម្បីអាចក្លាចទៅជាអ្នកមានឋានៈខ្ពស់ ត្រូវធ្វើជាប្រចាំ។

មាត្រា១៩

និយោជិតបរទេស ត្រូវបានអនុញ្ញាតឲ្យផ្ទេរទៅក្រៅប្រទេសនូវប្រាក់បៀវត្ស ដែលទទួលបាននៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធធនាគារ ក្រោមពីបានបង់ពន្ធរួចហើយ។

ជំពូកទី៨ វិវាទ និង ការរំលាយ


មាត្រា២០

វិវាទដែលទាក់ទងទៅនឹងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់អ្នកវិនិយោគ ដែលពាក់ព័ន្ធទៅនិងសិទ្ធិ និងកតព្វកិច្ចដែលមានចែងក្នុងច្បាប់នេះអាច៖

១-ដោះស្រាយដោយសម្រុះសម្រួលតាមរយៈការពិគ្រោះគ្នារវាងភាគីជំលោះទាំងឡាយ។

២-ក្នុងកំឡុងពេលពីរខែ បើវិវាទមិនបានដោះស្រាយតាមការសម្រុះសម្រួលគ្នាទេ វិវាទនេះអាចៈ
- លើកយកមកដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាផ្តល់យោបល់
- ដោះស្រាយតាមផ្លូវតុលាការ នៃព្រះរាជាណាចក្រកម្ពុជា
- ឬ ដោះស្រាយតាមនីតិវិធីអន្តរជាតិណាមួយតាមការព្រមព្រៀងនៃភាគី។

មាត្រា២១

ក្នុងករណីអ្នកវិនិយោគមានបំណងចង់បញ្ចប់សកម្មភាពរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកវិនិយោគនោះត្រូវជូនព័ត៍មានទៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាតាមរយៈលិខិតអនុសិទ្ធិ ឬ លិខិតប្រគល់ផ្ទាល់ដៃ ដោយមានបញ្ជាក់ថាបានទទួលត្រឹមត្រូវ។លិខិតខាងលើនេះ ត្រូវចុះហត្ថលេខាដោយអ្នកវិនិយោគ ឬ អ្នកតំណាងពេញសិទ្ធិរបស់ក្រុមហ៊ុន ហើយត្រូវបញ្ជាក់អំពីមូលហេតុនៃការបញ្ចប់សកម្មភាពនោះផង។

មាត្រា២២

ក្នុងករណីដែលមានការសុំរំលាយក្រៅផ្លូវតុលាការ អ្នកវិនិយោគត្រូវផ្តល់់ជូនក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នូវលិខិតបញ្ជាក់ ពីម្ចាស់បំណុល ពីអ្នកប្តឹងរបស់ខ្លួន និង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាបញ្ហាទាំងឡាយត្រូវបានដោះស្រាយចប់ជាស្ថាពរហើយ ទើបអ្នកវិនិយោគនោះអាចត្រូវបានអនុញ្ញាតឲ្យរំលាយក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួនជាផ្លូវការបាន តាមបែបបទនៃច្បាប់ពាណិជ្ជកម្ម។

មាត្រា២៣

ក្នុងករណីដែលអ្នកវិនិយោគត្រូវបានអនុញ្ញាតឲ្យរំលាយក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួនជាផ្លូវការ ទោះតាមផ្លូវតុលាការក្តី ឬក្រៅផ្លូវតុលាការក្តី អ្នកវិនិយោគអាចផ្ទេរនូវទ្រព្យសម្បត្តិដែលសេសសល់ទៅក្រៅប្រទេស ឬមួយប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ចំពោះគ្រឿងម៉ាស៊ីន និងសម្ភារៈបរិក្ខារដែលបានអនុញ្ញាតឲ្យនាំចូលដោយរួចពន្ធហើយបានប្រើប្រាស់ក្នុងអំឡុងពេលតិចជាងប្រាំឆ្នាំ (៥ ឆ្នាំ) អ្នកវិនិយោគត្រូវបង់តាមច្បាប់ជាធរមាន។

ជំពូកទី៩ អវសានបញ្ញត្តិ


មាត្រា២៤

ការវិនិយោគទាំងឡាយ ដែលបានទទួលការអនុញ្ញាត ក្រោមច្បាប់ស្តីពីការវិនិយោគនៅរដ្ឋកម្ពុជា និងអនុក្រឹត្យស្តីពីការវិនិយោគបរទេសនៅរដ្ឋកម្ពុជា ត្រូវបានទទួលផលប្រយោជន៏ និងកតព្វកិច្ច ដូចមានចែងក្នុងច្បាប់នេះដែរ ប៉ុន្តែច្បាប់នេះពុំមានអានុភាពប្រតិសកម្មទេ។

មាត្រា២៥

ក្នុងករណីដែលអ្នកវិនិយោគរំលោភ ឬមិនអនុវត្តតាមលក្ខខ័ណ្ឌទាំងឡាយដែលបានកំណត់ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាមានសិទ្ធិអំណាចដកហូតសិទ្ធិផ្សេងៗនិងផលប្រយោជន៏ទាំងអស់ ឬមួយផ្នែកដែលបានផ្តល់ជូនអ្នកវិនិយោគកន្លងមក។

មាត្រា២៦

ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។




ធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤
ក្នុងព្រះបរមនាម និង ព្រះរាជបង្គាប់
ប្រមុខរដ្ឋស្តីទី
ហត្ថលេខា



ជា ស៊ីម

Comments